ដំណឹងពីស្រុកក្លិង្គ

ប៉ុន្មានថ្ងៃមុន យើងបានយាយពីការទទួលបានពានរង្វាន់ស្ថាបនាជាតិថ្នាក់ «បដ្មស្រី» របស់លោកយាយម្នាក់ ។ ឥឡូវនេះ សូមលើកយកអ្នកទទួលពានរង្វាន់ម្នាក់ទៀតគឺ នាងកញ្ញា ក័ង្គានា រនៅត៍ ជាតារាភាពយន្តប៊ូលីវូដឥណ្ឌា ដ៏ល្បីឈ្មោះមួយរូប តែមានមាត់ដាចបន្តិច ។

ក្រោយពីបានទទួលពាន់រង្វាន់ «បដ្មស្រី» ហើយ នាងកញ្ញារូបនេះបានចូលក្នុងកម្មវិធីទូរទស្សន៍មួយ ហើយបាននិយាយបំភ្លៃថា «ឥណ្ឌាបានទទួលឯករាជ្យពិតប្រាកដនៅក្នុងឆ្នាំ២០១៤» ជាឆ្នាំដែលបក្សកាន់អំណាច BJP របស់លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ឡើងកាន់អំណាច ហើយបាននិយាយទៀតថា ការទទួលបានឯករាជ្យផ្លូវការឆ្នាំ១៩៤៧ ពីអាណានិគមន៍អង់គ្លេសគឺដោយ «ការដាក់ទាន» ដែលអាចមានន័យថា មិនមែនដោយការតស៊ូធ្វើពលិកម្មអ្វីទេ ។

និយាយប្រមាណប៉ុណ្ណេះ សាធារណជន និងអ្នកលេងតាមបណ្ដាញសង្គមស្ទុះការតវ៉ាឡើង ទាមទារឲ្យរដ្ឋាភិបាលកណ្ដាលដកពានរង្វាន់ «បដ្មស្រី» ពីនាងកញ្ញារូបនេះវិញ ហើយឲ្យចាប់ខ្លួននាង ។

បក្សកាន់អំណាច AAP នៃរដ្ឋាភិបាលថ្នាក់រដ្ឋនៅដែល្លីបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងរូបនាង ។ ខណៈនេះ មតិមហាជនកំពុងរិះគន់នាងកញ្ញា រនៅត៍ កាន់តែខ្លាំងឡើង រួមទាំងពីក្នុងបក្ស BJP ដែលនាងគាំទ្រផងដែរ ។

ព. សុ. អណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ( គួរតែប្រយ័ត្នមាត់ កុំនិយាយឲ្យភ្លាត់ខុស ) ។

ស្លាប់ព្រោះអណ្ដាត ស្លាប់ព្រោះមាត់, ព្រោះសម្ដី ។

ល្អព្រោះអណ្ដាត ល្អព្រោះមាត់, ព្រោះសម្ដី ។

(វចនានុក្រមខ្មែរ, ១៩៦៧)

November 13, 2021
No comments here yet...
Do you want to add a new comment?